ភ្នំពេញ ៖ នារីម្នាក់ បើករថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រប្រាដូបត់ឆ្វេងដៃចូលផ្លូវបេតុង មិនប្រយ័ត្ន បុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់បាក់ជើង ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ម្ចាស់ម៉ូតូរង់គ្រោះមាន ឈ្មោះ ទេស ថាមរ៉ាត់ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនតេលា។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E-5616 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ត្រង់ចំណុចកើតហេតុខាង​លើ ក៏ស្រាប់តែមាននារីម្នាក់ បើកបររថយន្តមួយគ្រឿងទៀត ម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T-0208 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នា ក្នុងល្បឿងលឿនគួរសម ក៏បានបត់ឆ្វេងដៃចូលផ្លូវបេតុង មិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ ជាម្ចាស់ម៉ូតូរងរបួសធ្ងន់បាក់ជើងខាងឆ្វេង ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែម្តង។ ចំណែកឯ ម៉ូតូរងការខូចខាតយ៉ាងដំណំ រីឯរថយន្តវិញរងការខូចខាតផ្នែកមុខត្រង់កាងខាងឆ្វេង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការទំនាក់ទំនងទៅខាងផ្នែកជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទាំងពីរគ្រឿង យកទៅរក្សាទុក ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕