ភ្នំពេញ៖ នារីវ័យក្មេងម្នាក់បើករថយន្តមួយគ្រឿង លេងជុំវិញផ្ទះ ខណៈពេលកំពុងបើក ក៏បានបតត្រឡប់ក្រោយដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យរថយន្តសេរីទំនើបមួយគ្រឿងទៀតដែលបើកក្នុងល្បឿនលឿនដើម្បីទៅត្រង់ ក៏ជ្រុលល្បឿនចាប់ហ្វ្រាំងមកបុកពេញទំហឹង បង្កឱ្យរងការខូចខាតរថយន្តទាំងសងខាង តែមិនមាននរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ១០០៣ ត្រង់ចំណុចក្បែរក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ ក្នុងសង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុន ពេលកើតហេតុគេបានឃើញ នារីវ័យក្មេងម្នាក់ រួមនិងបងប្អូនរបស់គាត់២នាក់ទៀត បានបើករថយន្តមួយគ្រឿង ម៉ាកឡិចសុីស450ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2L-0342 តាមបណ្តោយផ្លូវលេខ១០០៣ ទិសដៅពីជើងទៅត្បូង ក្នុងគោលបំណងបើកលេងជុំវិញផ្ទះរបស់ខ្លួន ខណៈពេលមកដល់ចំណុចកើតហេតុ គាត់ក៏បានបតត្រឡប់ក្រោយ ដោយខ្វះការប្រុងប្រយ័ត្ន ពេលកំពុងបតស្រាប់តែមានរថយន្តសេរីទំនើបមួយគ្រឿងទៀតម៉ាក PEUGEOT ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BI-0509 បើកបរតាមបណ្តោយផ្លូវលេខ១០០៣ ក្នុងទិសដៅស្រប់ទិសគ្នាពីក្រោយរថយន្តរបស់នារីវ័យក្មេង ក្នុងល្បឿនលឿន ដោយចាប់ហ្វ្រាំងមិនទាន់ រហូតជ្រុលទៅបុកចំពាក់កណ្តាលរថយន្តឡិចសុីស450 ពេញទំហឹង បណ្តាលឱ្យរងការខូចខាតរថយន្តទាំង២ អស់ជាច្រើន តែសំណាងល្អមិនមាននរណាម្នាក់រងរបួសក្នុងហេតុការនេះទេ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការវាស់វែង យករថយន្តទាំង២ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយតាមនីតិវិធីច្បាប់៕អត្ថបទ និង រូបភាព ៖ អឿន ភារ៉ា