សៀមរាប៖ សមត្ថកិច្ចនគរបាល សមត្ថកិច្ចប៉េអឹម និងក្រុមមន្ដ្រីសុខាភិបាល ដឹកនាំដោយអភិបាលរងលោក ពិន ប្រាកដ បានចាប់ផ្ដើមចុះផាកពិន័យ ទៅលើអាជីវករលក់ដូរដែលមិនពាក់ម៉ាស់ និងពាក់មិនត្រឹមត្រូវ នៅផ្សារធំថ្មីលើ ក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២១នេះ។

លោក ពិន ប្រាកដ អភិបាលរង ខេត្ដសៀមរាប មានប្រសសន៍ថា មុននឹងចុះធ្វើការផាកពិន័យនេះ អាជ្ញាធរបានចុះណែនាំជាច្រើនដងមកហើយ ប៉ុន្ដែអាជីវករមួយចំនួនតូចមិនអនុវត្ដតាម ទើបអាជ្ញាធរ អនុវត្ដទៅតាមផ្លូវច្បាប់។​

លោកបានបន្ដថា ការមិនពាក់ម៉ាស់នេះ អាជ្ញាធរសង្កេតឃើញថា មានអាជីវករប្រមាណ៥ភាគរយប៉ុណ្ណោះដែលពួកគាត់មិនអនុត្ដតាមច្បាប់។លោកបញ្ជាក់ថា ការចុះផាកពិន័យនេះជាលើកទី១ ហើយអាជ្ញាធរនឹងបន្ដផាកពិន័យបន្ដទៀត ទៅលើអ្នកមិនអនុវត្ដតាមច្បាប់ ក៍ដូចជាតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៍ដូចជារាជរដ្ឋាភិបាលផងដែរ ។លោកបានអំពាវនាវ ដល់ប្រជាពលរដេ្ឋអនុវត្ដតាមការណ៍ណែនាំរបស់រាជរដ្ឋាភិបាល៣​ការពារ៣កុំ អោយបានគ្រប់ខណៈដែលខេត្ដសៀមរាប​មួយរយៈចុងក្រោយនេះមានការរីករាលដាល់ជំងឺកូវីដ១៩​ចូលក្នុងសហគមន៍ច្រើនជាបន្ដបន្ទាប់។ប៉ុន្ដែទោះជាយ៉ាងណា ការចុះផាកពិន័យទៅលើការមិនពាក់ម៉ាស់នេះ មិនទាន់ដឹងថា មានចំនួនប៉ុន្មាននៅឡើយទេ ប៉ុន្ដែបើតាមការសង្កេតឃើញក្នុងប្រតិបត្ដិការណ៍លើកដំបូងនៅខេត្ដសៀមរាបនេះ មានចំនួនអ្នកផាកពិន័យប្រមាណ៣០នាក់ឡើងទៅ។

នៅព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៤៩​នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៩០នាក់ ស្លាប់២នាក់ និង១៥៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

យោងតាមអនុក្រិត្យ ស្ដីពីកាតព្វកិច្ចពាក់ម៉ាស់ តាមមាត្រា ១៩ នៃអនុក្រឹត្យនេះចែងថា បុគ្គលដែលមិនពាក់ម៉ាស់នៅកន្លែងចាំបាច់ដែលក្រសួងសុខាភិបាលបានណែនាំនឹងត្រូវរងការផាកពិន័យពី ២ សែនរៀល ទៅ ១ លានរៀល ប្រសិនបើបុគ្គលនោះមិនធ្វើតាមការព្រមានលើកទី ១។​ ចំណែកអ្នករៀបចំកម្មវិធីអ្វីមួយដែលមិនគោរពទៅតាមគោលការណ៍គម្លាតសង្គមត្រូវរងការផាកពិន័យពី ១ លាន ទៅ ៥ លានរៀល ក្នុងករណីមិនធ្វើតាមការព្រមានលើកទី១៕​រស់ មុន្នីរ័ត្ន