ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារក្រឡាហោមមនុស្សធម៌បាត់ដំបង ដោយមានការអញ្ចើញចូលរួមពីឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង  ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ឯកឧត្ដម អ៊ុត ក្លឹង ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់វត្តគរ និងលោក មៀច សុផល តំណាងឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន ជាប្រធានក្រុមក្រឡាហោមមនុស្សធម៌ បាត់ដំបង បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងរស់នៅតាមខ្នងផ្ទះបិទខ្ទប់ដោយសារវិបត្តិជំងឺកូវីត-១៩ ចំនួន ៣០ គ្រួសារ ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ។

ឆ្លៀតក្នុងឱកាសចុះនាំយកអំណោយមនុស្សធម៌សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ជូនដល់ក្រុមគ្រួសារពលរដ្ឋដែលកំពុងរស់នៅតាមខ្នងផ្ទះបិទខ្ទប់នាព្រឹកនេះដែរ ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធានក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង ពិសេស សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋ បើទោះបីជាសម្តេចមិនបានចុះមកផ្ទាល់ ប៉ុន្តែសម្ដេចតែងបានចាត់តំណាងក្រុមការងារចុះអន្តរាគមន៍ផ្តល់ជំនួយសង្គ្រោះបឋមដើម្បីសម្រាលទុក្ខលំបាករបស់បងប្អូនដែលកំពុងរស់នៅតាមខ្នងផ្ទះបិទខ្ទប់ដោយសារវិបត្តិជំងឺកូវីដ១៩នេះ។

ឯកឧត្តមបានមានប្រសាសន៍ ក្នុងចន្លោះពេលដែលក្រុមគ្រួសារយើងជួបបញ្ហាពាក់ព័ន្ធទៅនឹងជំងឺកូវីដ១៩ ហើយត្រូវបានធ្វើចត្តាឡីស័កនេះ គឺយើងមានការខូចខាតនូវការហូបចុកប្រចាំថ្ងៃ ដូច្នេះទើប ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធានក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង លោកបានចាត់ក្រុមការងារនាំយកនូវគ្រឿងឧបភោគ បរិភោគ មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋយើងដល់ខ្នងផ្ទះដែលកំពុងបិទខ្ទប់ ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន។

ហើយការងារនេះដែរធ្វើទៅបានអាស្រ័យទៅលើអាជ្ញាធរភូមិ សង្កាត់ដែលបានសហការគ្នាស្វះស្វែងយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងបានរាយការណ៍បន្តមកថ្នាក់លើ ដើម្បីនាំយកអំណោយមក ចែកជូនបានទាន់ពេលវេលា ហើយបើទោះបីជាអំណោយនេះមិនមានច្រើនក៏ពិតមែន ប៉ុន្តែវាអាចដោះស្រាយជីវភាពរបស់បងប្អូនបានមួយរយពេលផងដែរ ស្របពេលដែលបងប្អូនមិនអាចចេញទៅខាងក្រៅប្រកបរបរទទួលទានបាន។

បន្ថែមពីនេះឯកឧត្តម អ្នកតំណាងសាស្ត្របាត់ដំបង ក៏បានសំណូមពរដល់បងប្អូនដែលកំពុងរស់នៅធ្វើចត្តាឡី ស័កតាមផ្ទះនេះ ត្រូវចូលរួមបន្តអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ជាពិសេសត្រូវអនុវត្តអោយបានខ្ជាប់ ខ្ជួនតាមវិធានការសុខាភិបាល ៣ការពារ ៣កុំ ដោយត្រូវពាក់ម៉ាស់ និងធ្វើអនាម័យជាប្រចាំ ហើយបើសិនជាយើងមានអាការៈប្រែប្រួលប្លែកត្រង់ណាមួយ យើងត្រូវពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកថ្នាំលេបព្យាបាលទប់ស្កាត់ជំងឺជាមុន។

ហើយអំណោយជាគ្រឿងឧបភោគបរិភោគដែលត្រូវយកមកចែកជូនដល់បងប្អូនរស់នៅតាមខ្នងផ្ទះបិទខ្ទប់ចំនួន ៣០ គ្រួសារនាថ្ងៃនេះ ក្នុងមួយគ្រួសារៗទទួលបាន -អង្ករ ០១ការ៉ុង – ទឹកត្រី ទឹកស៊ីអ៊ីវ ០១យួរ-ទឹកសុទ្ធ ០២យួរ -មី០១កេស និងត្រីខកំប៉ុង ០១យួរផងដែរ។