ភ្នំពេញ៖ គិតត្រឹមថ្ងៃនេះ មន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអនុវត្ដន៍ ការស្ថាបនាប្រឡាយស្ទឹងមានជ័យ  ពីប្រឡាយធម្តាទៅជាប្រឡាយបេតុងដោយបុកសុីផាយធ្វើជញ្ជាំងប្រឡាយ ដើម្បីទប់ស្កាត់ ការហូរដីនិងសំរាម នាំឲ្យគោករាក់ចំពីចំណុចស្ពានស្ទឹងមានជ័យដល់ប្រឡាយដើមស្លែង ។ ការដ្ឋានទាំងមូលជិត ឈានដល់

ទីបញ្ចប់ហើយ ពោលគឺនៅសល់តែ១២០ម៉ែត្រទៀតប៉ុណ្ណោះ គ្រប់តាមគម្រោងផែនការ ដែលរដ្ឋបាលរាជធានីភ្នំពេញ កំណត់ប្រវែង១,៥០០ម៉ែត្រ តែបានរាំងស្ទះនឹងផលប៉ះពាល់ ដោយសារពលរដ្ឋបានសង់ផ្ទះរំលាភយក ដីចំណីប្រឡាយនូវចំណុចស្ពានដើមស្លែងតែម្តង ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីករណីនេះទាំងក្រុមការងារនិងអាជ្ញាធរបាននិងកំពុងដោះស្រាយបណ្តើរ ធ្វើបណ្តើរហើយ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ការស្ថាបនា ប្រឡាយស្ទឹងមានជ័យ ជាបេតុង ចាប់ពីគល់ស្ពានស្ទឹងមានជ័យដល់ប្រឡាយដើមស្លែងខាងលើនេះ ការដ្ឋានបានឈានដល់ជិតបញ្ចប់ហើយ ពោលគឺនៅសល់តែ១២០ម៉ែត្រទៀតប៉ុណ្ណោះក្នុងប្រវែងសរុប១៥០០ម៉ែត្រ ដោយសារតែ រាំងស្ទះពីផលប៉ះពាល់និងម្យ៉ាងទៀតដោយសារ ការផ្ទុះជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ  ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ករណីនេះ អាជ្ញាធរនិងក្រុមការងារបាននឹងកំពុងដោះស្រាយផលប៉ះពាល់បញ្ចប់ កាយភក់ សំរាម ជាមួយនិងបុកសុីផាយបេតុងជញ្ជាំងប្រឡាយ។

លោកសាំ ពិសិដ្ឋ បន្តថា ប្រឡាយនេះបាននឹងកំពុងស្ថាបនាដោយការបុកសុីផាយបេតុងជញ្ជាំងប្រឡាយ មានប្រវែងជាង១,៥០០ម៉ែត្រ ប៉ុន្តែគិតត្រឹមថ្ងៃទី២១ខែកក្កដានេះ  នៅសល់តែប្រវែង១២០ម៉ែត្រទៀតប៉ុណ្ណោះនឹងរួចរាល់។

ក្រោយពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញពេលនេះ ប្រឡាយទឹកស្ទឹងមានជ័យបានប្រែក្លាយ ពីអាងស្ដុកទឹកស្អុយធម្មតា មកជាប្រឡាយបេតុងយ៉ាងស្អាតគ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីគ្រប់តំបន់ ជុំវិញនិងផ្នែកដូចជាបញ្ហាទឹកជន់លិច នៅខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យនិងខណ្ឌសែនសុខជាដើម ។

ចំពោះប្រជាពលរដ្ឋដែលរស់តាមមាត់ប្រឡាយស្ទឹងមានជ័យ ក៏ទទួលបានដី សម្រាប់សាងសង់ផ្ទះ មានកម្មសិទ្ធិស្របច្បាប់ នៅហ្នឹងកន្លែងថែមទៀត ទៅតាមគោលនយោបាយ ឈ្នះឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ថា ពាក់ព័ន្ធនិងការស្ថាបនាប្រឡាយស្ទឹងមាន ជ័យ ក្នុងផេករបស់សម្តេចតេជោហ៊ុន សែន នាពេលកន្លងមកនេះ ក៏បានកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដែលក្នុងផេករបស់សម្តេចនេះបានសរសេរថា៖ «អាងទឹកស្អុយស្ទឹងមានជ័យ ក្លាយជាប្រឡាយបេតុង ស្រស់ស្អាត គ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់  »៕