ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញតែងតែយកចិត្តទុកដាក់ជានិច្ច ពីបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ សោភ័ណ្ឌភាពទីក្រុង អោយស្អាត ជាពិសេសកែលម្អសួនច្បាររក្សារអនាម័យ សម្រាប់បងប្អូនប្រជាពលរដ្ឋងាយស្រួលអង្គុយលំហែ ឬហាត់ប្រាណជាដើម។

ជាក់ស្ដែងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ បានកំពុងបន្តសកម្មភាពការងារជួសជុល កែលម្អសួនច្បារនិងពង្រីកផ្លូវទំហំ៤៥ម៉ែត្រ មុខច្រកចូលក្រសួងការពារជាតិ ដើម្បីត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងការពារជាតិថ្មីផងដែរ។

គួររំលឹកផងដែរកាលពីរសៀលថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២១ កន្លងមកមន្រ្តីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងកិច្ចពិភាក្សាអនុម័តលើគម្រោងកែលម្អសួនច្បារនិងហេដ្ឋារចនាសម្ព័ន្ធនានានៅមុខក្រសួងការពារជាតិ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាមួយនឹងតំណាងរបស់ក្រសួងការពារជាតិ គឺ គម្រោងកែលម្អសួនច្បារនៅមុខ អគារទីស្តីការក្រសួងការពារជាតិថ្មីគ្រោងនិងស្ថាបនាឲ្យបានរួចរាល់ ពោលគឺមុនពេលបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងការពារជាតិថ្មីដែលគ្រោងនិងបើកសម្ពោធ ក្រោមអធិបតីភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមទៀតនោះ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថាក្រោយពីបានពិភាក្សាគ្នាក្នុងកិច្ចប្រជុំ ក្រុមការងាររបស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ជាមួយនឹងតំណាងក្រសួងការពារជាតិ បានសម្រេចលើគម្រោងកែលំអប្រព័ន្ធការកែលម្អសួនច្បារនៅមុខក្រសួងការពារជាតិនេះរួចហើយ។ គម្រោងនេះមានមួយផ្នែកប្រើប្រាស់ថវិការបស់ក្រសួងការពាជាតិ ដូចជា ការដាក់លូថ្មីទំហំ១ម៉ែត្រ និងងការអ៊ុតកៅស៊ូលើទំហំផ្លូវចូលក្រសួងរហូតដល់ ៤៥ ម៉ែត្រជាដើម។ ចំណែករដ្ឋបាលរាជធានីភ្នំពេញមានការងារច្រើនដែលត្រូវអនុវត្តផងដែរ ដូចជាការកែ លម្អ សួនច្បារ ដាក់បង្គោលភ្លើង៦៦ដើម ជាមួយនឹងការដាក់លូ ការស្ដាលូពីក្រោយនិងនៅមុខក្រសួងការពារជាតិ ហើយការងារនេះធ្វើយ៉ាងណាឲ្យបានរួចរាល់នៅមុនពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ក្រសួងការពារជាតិ។

សូមបញ្ជាក់ថា តាមគម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះ នឹងត្រូវកាត់សួនចាស់ចេញរហូតដល់ ប្រវែង៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលមុខក្រសួង ហើយសួនថ្មីនេះ នឹងរៀបជាថ្មក្រានីត ដាំស្មៅ  បំពាក់អំពូលភ្លើងដែលអាចឲ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួល ជាមួយនឹងទីតាំងធំទូលាយជាងមុន៕

អត្ថបទ និង រូបភាព ទឹម វិបុល