ខេត្តព្រះសីហនុ៖ ករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅកណ្ដាលសមុទ្របន្ទាប់ពីរដ្ឋបាលក្រុងកោះរុង ទទួលបានដំណឹងថាមានទូកដឹកទំនិញ និងដឹកមនុស្សបានឆាប់ឆេះ ដោយហេតុការណ៍ភ្លាមៗនោះលោក នួន ប៊ុន ថុល អភិបាលក្រុងកោះរ៉ុង បានឱ្យកងកម្លាំងសមត្ថកិច្ចបើកបរទូក  ទៅជួយសង្គ្រោះជនរងគ្រោះដែលនៅលើទូកឆាប់ឆេះ នៅកាលពីវេលាម៉ោងប្រហែលជាង១០នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ។

បើតាមប្រភពឱ្យដឹងពីលោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានបញ្ជាក់ថា ទូកឈើដឹកទំនិញ និងមនុស្ស ដែលបានចេញដំណើរពីក្រុងកោះរ៉ុង ទៅកាន់ក្រុងព្រះសីហនុ មកដល់ពាក់កណ្ដាលសមុទ្រក៏មានករណីផ្ទុះ ឆាបឆេះខណៈពេលនោះក៏ទទួលបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរលើទូកបានទូរស័ព្ទទៅមន្ត្រីរដ្ឋបាលក្រុងកោះរ៉ុងឱ្យជួយអន្តរាគមន៍ ដោយភ្លាមៗនោះក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋលោកអភិបាលក្រុងកោះរ៉ុងក៏បានបញ្ជាអូរបរល្បឿនលឿនទៅជួយសង្គ្រោះ ប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើទូកមានមនុស្សក្មេងមនុស្សចាស់ចំនួន ១១នាក់តែជាអកុសលស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត ហើយស្ត្រីដែលស្លាប់មានឈ្មោះហ៊ីង ស្រស់ អាយុ ៥០ឆ្នាំ រស់នៅភូមិដេីមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ហើយក្នុងករណីស្ត្រីខាងលើនេះបានស្លាប់បាត់បង់អាយុជីវិត ដោយមូលហេតុគាត់មានជំងឺបេះដូង និងភ័យខ្លាំង នៅក្នុងហេតុការណ៍នោះ។

លោកនួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុងបានបន្តទៀតថាបច្ចុប្បន្នស្ត្រីដែលបានស្លាប់បាត់បង់អាយុជីវិតក្រោយពីក្រុមគ្រូពេទ្យពិនិត្យរកវីរុសកូវីដ-១៩ អវិជ្ជមានក៏បានប្រគល់ជូនសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី។

យោងតាមការបំភ្លឺឱ្យដឹងពីសមត្ថកិច្ចអ្នកបើកបរទូកដឹកទំនិញ និងដឹកមនុស្សថា ទូកបានចេញដំណេីរពីផែ សហគមន៍ភូមិដេីមថ្កូវ  សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ក្រុងព្រះសីហនុ   លុះដល់កន្លែងកេីតហេតុ ម៉ាស៊ីនបានធ្លាយទុយោប្រេង  ប៉ះនឹងបំពង់ស៊ីម៊ាំងម៉ាស៊ីនទូកបណ្តាលឱ្យមានភ្លេីងឆាបឆេះ ជាអគ្គិភ័យនៅលើទូកតែម្ដង ហើយសមត្ថកិច្ចបានឱ្យដឹងថា ទូកមួយគ្រឿងនេះបានឆាបឆេះជាទូកឈើដឹកទំនិញ និងដឹកមនុស្ស ដែលមានទំហំទទឹង ៣.៤ម៉ែត្រ បណ្តោយ ១៣ម៉ែត្រ  កម្លាំងម៉ាស៊ីន ១៣០សេស  ហើយម្ចាស់ទូកមានឈ្មោះ រត្ន័  ឧត្តម  ភេទប្រុស  អាយុ ២៦ ឆ្នាំ  ទីលំនៅបច្ចុប្ប ន្នភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង  ខេត្តព្រះសីហនុ ៕