ព្រះមេគណ និងព្រះអនុគណគ្រប់ក្រុងស្រុកក្នុងខេត្តកំពតបានទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា មានទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ដើម្បីទុកផ្គត់ផ្គង់ជីវភាព និងការសិក្សារបស់ព្រះសង្ឃ នៅក្នុងអំឡុងពេលគង់ចាំព្រះវស្សា ដែលនឹងចូលមកដល់នៅពេលខាងមុខ ។
នៅថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង លោកជំទាវលាង ហៃ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បាននាំយកនូវអំណោយសម្បុរសរបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈកាកបាទក្រហមកម្ពុជា ប្រគេនដល់ព្រះគ្រូមេគណខេត្ត ទាំងពីរគណៈ រួមនឹងព្រះគ្រូអនុគណដែលនិមន្តមកពីវត្តក្នុងក្រុង ស្រុកទាំង៨ ដែលពិធីប្រគេននេះធ្វើឡើងនៅវត្តវាលពួច ក្នុងក្រុងកំពត និងវត្ត ជុំគ្រៀល ឃុំជុំគ្រៀល ក្នុងស្រុកទឹកឈូ ។
ឯកឧត្តមជាវ តាយ បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែ យកចិត្តទុកដាក់គិតគូរជ្រោងខ្ពស់លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបានកសាងនូវសមិទ្ធិផលនានា លើវិស័យពុទ្ធចក្រ ដោយបានគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនបំផុតមិនដែលអាក់ខានឡើយ។
ឯកឧត្តម ជាវ តាយ បានបញ្ជាក់ថា តាំងពីដើមរៀងមកប្រជាពុទ្ធបរិស័ទ តែងតែបាននាំយកនូវទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគ និងបច្ច័យជាដើម ដើម្បីប្រគេនព្រះសង្ឃសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងការសិក្សារៀនសូត្រ ក្នុងពេលគង់ចាំព្រះវស្សា ដែលនឹងចូលមកដល់នៅពេលខាងមុខ។ដូចគ្នានេះដែរអំណោយជាទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃដែលជាព្រះមេគណ ខេត្ត និងអនុគណក្រុង ស្រុកដែលនិមន្តមកពី៩វត្ត ក្នុងមួយវត្តៗទទួលបានទៀនវស្សា១គូរ អង្ករ៥០គីឡូ ស្កសរ៥០គីឡូ អំបិល៥០គីឡូ ទឹកសុទ្ធ០២កេះមី០២កេះ និងបច្ច័យ៥០ម៉ឺនរៀល ។ រួមនិងថវិកាថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទចំនួន ៤ លាន៦៤ម៉ឺនរៀលបន្ថែមទៀតផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមជាវតាយ អភិបាលខេត្តនិងព្រះតេជគុណមេគណខេត្តទាំង២គណៈ ក៏បានឧទ្ទិសបួងសួង ចែករំលែក កុសលផលបុណ្យ ដែលកើតចេញពីទឹកចិត្តសទ្ធាជ្រះថ្លា ជូនចំពោះ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មន្ត្រីរាជការ និងពលរដ្ឋទាំងអស់ ឲ្យជួបប្រទះនូវសេចក្ដីសុខគ្រប់ប្រការ ។ ពិសេសសូមឲ្យប្រទេសជាតិបន្តមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន និងសូមឲ្យជំងឺកូវីដ១៩បានឆាប់រលត់ផុតពីកម្ពុជានិងពិភពលោកទាំងមូល៕