សៀមរាប៖ រថយន្តចំនួន២គ្រឿងបានបុកគ្នានៅស្រុកពួកបណ្ដាលឲ្យឆេះទាំងពីរ និងមនុស្ស ២ នាក់បានរងរបួស។ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០.៥០នាទី លើផ្លូវជាតិលេខ៦ បង្គោលគីឡូម៉ែត្រលេខ៣៣០. ៣៣១ ភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
យោងតាមរបាយការណ៍របស់ប៉ូលិសស្រុកពួកបានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នេះរថយន្តម៉ាកTRAILER ពាក់ស្លាកលេខកំពង់ចាម 3A8132 សណ្តោងរ៉ឺម៉កពាក់ស្លាកលេខ ភ.ព4A.8127 ព៌ណខៀវសបើកបរដោយឈ្មោះ អាំ ធារី ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិព្រៃចម្លាក់ ឃុំកញ្ជូ ស្រុកឆ្លូងខេត្តក្រចេះ ដឹកមនុស្សម្នាក់ ឈ្មោះអាំ ដារី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិ ឃុំ ជាមួយគ្នាពីកើតទៅលិច បានបុកជាមួយសត្វក្របីឆ្លងផ្លូវ ពីត្បូងទៅជើង ហើយរថយន្តរេចង្កូតទៅបុករថយន្តមួយទៀត ម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខកំពង់ចាម 3B.0773 សណ្តោងរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ4A2947 ព៌ណខៀវបើកបរមិនស្គាល់ អត្តសញ្ញាណគេចខ្លួនបាត់ បើកបរពីទិសខាងលិច ទៅទិសខាងកើត។
លោក អនុសេនីយ៍ឯក ភឹម ភួន នាយរងផ្នែកចរាចរណ៍ ស្រុកពួក បានឲ្យដឹងថា តាកុងឡាន និង ព្រូឡាន មានរបួសធ្ងន់បានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកពួក តែចំណែក រថយន្តទាំង 2 គ្រឿង មួយគ្រឿងឆេះនៅសល់តែសំបកគ្រោងឆ្អឹង រីឯមួយគ្រឿងទៀតឆេះ កាប៊ីនខាងមុខ ។ ករណីខាងនេះ បានបណ្តាលឲ្យរបួសមនុស្សចំនួន២នាក់១/ឈ្មោះអាំ ធារី ២/អាំ ដារី បានសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកពួក។ ចំណែកថយន្តទាំង២គ្រឿងនោះវាបានបណ្ដាលឲ្យឆេះរថយន្តទាំងស្រុង និងងាប់ក្របីញី១ក្បាលផងដែរ។
លោក បានបន្តថា មូលហេតុដោយសារតែសត្វក្របីរត់ឆ្លងផ្លូវនិងអ្នកបើកបររថយន្តTRiALR បានបើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទើបបណ្តាលឲ្យគ្រោះថ្នាក់បែបនេះ។ ក្នុងពេលកំពុងកើតហេតុរថយន្តពន្លត់អគ្គីភ័យស្រុក១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានខេត្តមួយគ្រឿងបានជួយអន្តរាគមន៍ប្រើប្រាស់ទឹកអស់៣ឡាន និងបានរលត់ទាំងស្រុងនៅម៉ោង២និង ៣០នាទី៕រស់ មុន្នីរ័ត្ន