សៀមរាប៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃដើមសប្តាហ៍នេះ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តសៀមរាប ហៅកាត់ថា (ក.ប.ប) បានចាប់ផ្តើមមមាញឹកក្នុងការផ្សព្វផ្សាយរួមទាំងការអនុវត្តផងដែរនូវប្រកាសអន្តរក្រសួងលេខៈ៣៣៨ សហវ.ប្រក ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ស្តីពីនីតិវិធីពិន័យអន្តរការណ៍ លើអំពើល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ ប្រកាសអន្តរក្រសួងខាងលើនេះ ចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ សកម្មភាពផ្សព្វផ្សាយនិងអនុវត្តប្រកាសនេះ បានធ្វើឡើង តាមទីតាំងគោលដៅមួយចំនួនដូចជា តាមស្ថានីយ ដេប៉ូប្រេងឥន្ធនៈ កន្លែងចែកចាយគ្រឿងឧបភោគបរិភោគ ម៉ាត និងផ្សារទំនើប ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ។
លោក ខៀវ បញ្ញាវឌ្ឍន៍ ប្រធានសាខា ក.ប.ប. ខេត្តសៀមរាប បានអោយដឹងថា ប្រកាសអន្តរក្រសួងខាងលើនេះត្រូវបានអនុម័តឡើងក្នុងគោលបំណងកំណត់នីតិវិធីនិងសិទ្ធិពិន័យអន្តរការណ៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងមានវិសាលភាពលើការពិន័យអន្តរការណ៍លើអំពើល្មើសដែលមានចែងក្នុងមាត្រា៤១ មាត្រា៤៤ មាត្រា៤៥ មាត្រា៤៨ និងមាត្រា៤៩ នៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
លោក បានបង្ហាញថា នៅក្នុងមាត្រា៤១ បុគ្គុលល្មើសអាចនឹងត្រូវពិន័យអន្តរការណ៍រហូតដល់២០លានរៀល លើអំពើមិនសុចរិតក្នុងធុរកិច្ច មានជាអាទ៍បទល្មើសពាក់ព័ន្ធនឹងគុណភាពនិងប្រភពទំនិញ ការធ្វើអោយអ្នកប្រើប្រាស់មានការភាន់ច្រលំអំពីថ្លៃនិងគុណភាពទំនិញនិងសេវា ការបំភាន់ឬធ្វើអោយមានការភាន់ច្រឡំទាក់ទងទៅនឹងបរិមាណ រង្វាស់រង្វាល់ ក្រិតខ្នាត ភាពមិនសមតាមបំណង ចរិតលក្ខណៈទំនិញជាដើម។ល។ លោក ប្រធានសាខា ក៏បានបន្ថែមទៀតថា យោងតាមប្រកាសអន្តរក្រសួងនេះ ក្នុងមាត្រា៤៤ បុគ្គុលល្មើសអាចនឹងពិន័យរហូតដល់៥០លានរៀល ចំពោះការអនុវត្តមិនសុចរិតដូចយ៉ាង ការសន្យាផ្តល់អំណោយ រង្វាន់ ឬវត្ថុឥតគិតថ្លៃដ៏ទៃទៀត ក្នុងចេតនាភូតកុហុក ឬបោកប្រាស់អ្នកប្រើប្រាស់។ល។ ហើយក្នុងមាត្រា៤៥ ជនល្មើសអាចនឹងត្រូវពិន័យរហូតដល់៨០លានរៀល សម្រាប់បទល្មើសទាក់ទងទៅនឹងគម្រោងលក់បែបពីរ៉ាមីដ ឬលក់ទំនិញដែលភ្ជាប់សេចក្តីបរិយាយពាណិជ្ជកម្មដោយមិនពិតជាដើម។
លោក ខៀវ បញ្ញាវឌ្ឍន៍ ក៏បានពន្យល់ដែរថា ក្នុងនីតិវិធីពិន័យអន្តរការណ៍នេះ បុគ្គុលល្មើសអាចបង់ប្រាក់ពិន័យអន្តរការណ៍ជូនមន្ត្រីសើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ភ្លាមៗ ឬយ៉ាងយូរ៣០ថ្ងៃ ចាប់ពីសមីខ្លួនទទួលបានឯកសារ ហើយក្នុងករណីដែលជនល្មើសមិនបានបង់ប្រាក់ពិន័យអន្តរការណ៍ និងមិនបានដាក់ពាក្យបណ្តឹងតវ៉ាក្នុងរយៈពេលកំណត់ នោះនឹងត្រូវមានចំណាត់ការតាមនីតិវិធីតុលាការ។
ស្របពេលជាមួយគ្នានេះដែរ ប្រសិនបើបុគ្គុលដែលមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. មានសិទ្ធប្តឹងទៅគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ក្នុងរយៈពេល១៥ថ្ងៃ យ៉ាងយូរ ចាប់ពីទទួលបានសេចក្តីសម្រេច។ ហើយបុគ្គុលដែលមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ មានសិទ្ធប្តឹងទៅតុលាការមានសមត្ថកិច្ចក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរ ចាប់ពីថ្ងៃទទួលបានសចក្តីសម្រេច។ ជាមួយគ្នានោះ លោក បានសង្កត់ធ្ងន់ថា ធុរជនទាំងឡាយត្រូវតែរួមចំណែកការពារផលប្រយោជន៍អ្នកប្រើប្រាស់ ដែលក្នុងនោះ ធុរជនខ្លួនឯងក៏ជាអ្នកប្រើប្រាស់ផងដែរ៕រស់ មុន្នីរ័ត្ន