ប្រទេស បង់ក្លាដេស បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៥.៦ លានដូសពីសហរដ្ឋអាមេរិក ក្រោមក្របខ័ណ្ឌ COVAX ខណៈប្រទេសនេះបានទិញវ៉ាក់សាំងចិន Sinopharm ចំនួន ២ លានដូសពីទីក្រុងប៉េកាំង។

រដ្ឋមន្រ្តីក្រសួងការបរទេស Abul Kalam Abdul Momen បញ្ជាក់ថា ភាពកង្វះវ៉ាក់សាំង Covid នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ខណៈទីក្រុង Dhaka រំពឹងថានឹងមានការផ្គត់ផ្គង់ពីប្រភពផ្សេងៗគ្នា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន A24។

វ៉ាក់សាំងបន្ថែមពីសហរដ្ឋអាមេរិក ទំនងជានឹងមកដល់នៅប៉ុន្មានខែខាងមុខនេះ ជាមួយគ្នានោះក្រសួងសុខាភិ បាល បង់ក្លាដេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញវ៉ាក់សាំងចិនចំនួន ១៥ លានដូសដែរ។ ប្រទេស បង់ក្លាដេស បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ -១៩ ឡើងវិញបន្ទាប់ពីការផ្អាកមួយរយៈដែលបណ្តាលមកពីការផ្គត់ផ្គង់វ៉ាក់សាំងមិនគ្រប់គ្រាន់។

វេជ្ជបណ្ឌិត Md . Wahidur Rahman មន្រ្តីសុខាផិបាលនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ ដាកា បានបញ្ជាក់ថា៖ “យើងកំពុងចាក់ថ្នាំបង្ការដល់ប្រជាជនក្នុងតំបន់ និងកម្មករចំណាកស្រុកប្រហែល ១៥០០ នាក់ជារៀងរាល់ថ្ងៃ។ ក្រៅពីមជ្ឈមណ្ឌលចាក់វ៉ាក់សាំងនេះ យើងក៏មានមជ្ឈមណ្ឌលវ៉ាក់សាំងដាច់ដោយឡែកផ្សេងទៀត សម្រាប់ផ្តល់អោយតែនិស្សិតពេទ្យផងដែរ។

យើងផ្តោតការផ្តល់វ៉ាក់សាំងជាពិសេសដល់ពលករចំណាកស្រុក ដោយសារពួកគេត្រូវការវិញ្ញាបនប័ត្រចាក់វ៉ាក់សាំងដើម្បីធ្វើដំណើរត្រឡប់មកវិញ” ។ សាស្រ្តាចារ្យវេជ្ជបណ្ឌិត Md Nazmul Islam – នាយកគ្រប់គ្រងជំងឺនៃអគ្គនាយកដ្ឋានសេវាកម្មសុខភាពបង់ក្លាដេស បានអោយដឹងថា៖ “ COVAX នឹងបរិច្ចាគវ៉ាក់សាំងចំនួន ៦០,៨ លានដូសដល់ប្រទេសបង់ក្លាដេស ហើយបង់កលាដេស បានទទួល វ៉ាក់សាំង Moderna ចំនួន ៥,៥ លានរួចទៅហើយ និងវ៉ាក់សាំង Pfizer ជាង ១ លានដូស។ យើងបានទទួលអំណោយ វ៉ាក់សាំង ពីប្រទេសចិនរួចហើយ ដោយក្នុងនោះរដ្ឋាភិបាលក៏បានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងចិនចំនួន ១៥ លានដូសបន្ថែមផងដែរ៕