ខេត្តបាត់ដំបង : នារីស្រស់ស្អាត០២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំធ្វើការឃាត់ខ្លួនពីបទយករូបថតគេទៅបង្កើតគណនីfacebookក្លែងក្លាយដើម្បីឆបោកយកប្រាក់ពីអ្នកដទៃ។

មន្ត្រីអាវុធហត្ថបានអោយដឹងថា កិច្ចប្រតិបត្តិការឃាត់ខ្លួននារីស្រស់ស្អាតជាជនសង្ស័យឆបោកខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១០និង១០នាទី ថ្ងៃទី០៥ ខែសីហាឆ្នាំ២០២១ ស្ថិតនៅភូមិរំចេក០៣ សង្កាត់រតនៈ ក្រុងនិងខេត្តបាត់ដំបង ។

នារីស្រស់ស្អាតជាជនសង្ស័យទាំង២នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះមាន ! /១-ឈ្មោះ លីសាន់ឆាយ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្វាយជ្រំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង / ២-ឈ្មោះ ពុធ ជាវឌ្ឍនា ហៅ សៅ ចាន់ណា ភេទស្រីអាយុ២១ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិកំពង់ឆ្នាំង២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដែលការឃាត់ខ្លួននេះធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ ២៧៩៣ និងលេខ២៧៩៤ចុះថ្ងៃទី៣ ខែសីហាឆ្នាំ២០២១ របស់លោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ពីបទលួចរូបថតគេទៅបង្កើតគណនី facebook ក្លែងក្លាយដើម្បីឆបោកយកប្រាក់របស់អ្នកដទៃក្នុង បណ្ដាញសង្គម facebook ប្រព្រឹត្តកាលពីអំឡុងខែមីនា ដល់ខែឧសភា ឆ្នាំ២០២១នេះ។

ជនសង្ស័យទាំងពីរនាក់ក្រោយពីឃាត់ខ្លួន រហូតមកដល់ពេលនេះត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបង បានប្រគល់អោយខាងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ធំដើម្បីចាត់ការតាមនីតិវិធី។