រាជរដ្ឋាភិបាលបានសម្រេចបង្កើត ឃុំយាយម៉ៅពេជ្រនិលថ្មីមួយទៀតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយកាត់យកភូមិចំនួន៩ ពីឃុំត្រែងត្រយឹង គឺភូមិទី៣ ភូមិទី៦ ភូមិចំការចេក ភូមិទឹកចេញ ភូមិព្រីង ភូមិកងមាស ភូមិវាលធំ ភូមិសម្បទានសែនជ័យ និងភូមិស្រល់។ទីតាំងសាលាឃុំយាយម៉ៅពេជ្រនិល ស្ថិតនៅក្នុងភូមិចំការចេក រីឯព្រំប្រទល់រដ្ឋបាលឃុំយាយម៉ៅពេជ្រនិល ត្រូវបានកំណត់នៅក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យ។
នៅក្នុងអំឡុងពេលនេះ ភូមិទាំង៩ គឺភូមិទី៣ ភូមិទី៦ ភូមិចំការចេក ភូមិទឹកចេញ ភូមិព្រីង ភូមិកងមាស ភូមិវាលធំ ភូមិសម្បទានសែនជ័យ និងភូមិស្រល់ ដែលត្រូវកាត់ឲ្យទៅ ឃុំយាយម៉ៅពេជ្រនិល ត្រូវបន្តស្ថិតនៅក្រោមការគ្រប់គ្រង របស់ ក្រុមប្រឹក្សាឃុំត្រែងត្រយឹង រហូតដល់មានក្រុមប្រឹក្សាឃុំយាយម៉ៅពេជ្រនិល មកជំនួស។
គួរបញ្ជាក់ថា ខេត្តកំពង់សឺ្ពបច្ចុប្បន្ន មានភូមិចំនួន១៣១៩ ភូមិ, ឃុំ-សង្កាត់ ចំនួន៨៩ ដោយមិនរាប់បញ្ចូលឃុំយាយម៉ៅដែលត្រូវបង្កើតថ្មី និងមានស្រុកចំនួន ៨៕