ព្រៃវែង៖ នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានដឹកនាំមន្ត្រីបសុព្យាបាល សត្វខេត្ត ចុះចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោ ក្របី របស់បងប្អូនប្រជាពលរដ្ឋដែល គោក្របីរបស់គាត់កើតនូវជំងឺដុំពកនៅលើស្បែកនេះ ដែលធ្វើនៅភូមិអ្នកតាជ័យ ឃុំគោកគង់លិច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។

ថ្លែងនៅក្នុងឱកាសនោះ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ក៏បានលើកឡើងផងដែរថាចំពោះ ការចាក់វ៉ាក់សាំងការពារនូវជំងឺផ្សេងៗដល់សត្វគោក្របីនៅក្នុងខេត្តព្រៃវែងបានប្រមាណជាង ៦ ម៉ឺនក្បើលមកហើយ

ដោយឡែកបញ្ហាចំពោះមុខ ដែលកើតនូវជំងឺដុំពកស្បែកគោ ក្របីនេះ ក្រសួងសុខាភិបាលក៏បានផ្ដល់នូវវ៉ាក់សាំងដើម្បីឱ្យមកមន្ទីរធ្វើការចាក់ដើម្បីការពារដល់សត្វគោ ក្របី របស់បងប្អូនប្រជាពលរដ្ឋដែលកើតនូវជំងឺដុំពកលើស្បែកនេះ។

លោក ប្រធានមន្ទីរបានបន្តទៀតថា ចំនួនគោនៅក្នុងខេត្តព្រៃវែងមានប្រមាណជាង ៣៦ ម៉ឺនក្បាល ហើយគោលដែលកើតនូវជំងឺដុំពកលើស្បែកនេះមានចំនួនប្រមាណជាង ៣០០ ក្បាល។

លោកប្រធានមន្ទីរក៏បានបន្តទៀតថា ជំងឺដុំពកស្បែកគោក្របី សម្រាប់ខេត្តព្រៃវែង គឺទើបតែនឹងកើតមានឡើងរយៈពេលតែជាងមួយខែប៉ុណ្ណោះ ហើយជំងឺនេះមានការឆ្លងរហ័សពីសត្វគោមួយ ទៅសត្វគោមួយទៀត តាមរយៈសត្វរុយ និងសត្វអាបោម ហើយនិងការដាក់គោលដែលមានជម្ងឺនៅជិតគោដែលមិនមានជម្ងឺ។

ដូច្នេះខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានឱ្យមន្ទីរចុះអនុវត្តចាក់ថ្នាំបង្ការជម្ងឺដុំពកលើស្បែកគោ ក្របី ជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានទាន់ពេលវេលាដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដុំពកលើស្បែកគោនេះកាន់តែច្រើនឡើងនៅក្នុងខេត្តព្រៃវែងផងដែរ៕